លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ។ ដោយបានការចូលរួមពី លោក-លោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានផ្សព្វផ្សាយពន្យល់ណែនាំ តើអ្វីទៅជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Scam Online និងលើកឡើងនូវបទពិសោធន៍ការងារដែលអនុវត្តន៍បាននាពេលកន្លងមក។
បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ពាក់ព័ន្ធពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបច្ចុប្បន្ននេះវាបានកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក ហើយក៏បានកើតមានជាយូរមកហើយដែរ។ នៅក្នុងពិភពលោកនេះ មិនទាន់មានប្រទេសណាមួយដែលអាចចាត់វិធានការបង្ការទប់ស្កាត់បទល្មើសប្រភេទនេះ ដោយខ្លួនឯងបានទាំងស្រុងនោះទេ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះ។ ដូចនេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការផ្សព្វផ្សាយនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចនឹងកើតមានឡើងក្នុងរូបភាពណាមួយ៕
|