ឯកឧត្តម ម៉ក់ ជីតូ ណែនាំអាជ្ញាធរខេត្តតាកែវបន្តយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង ត្រូវដាក់ចេញវិធានការឱ្យបានតឹងរឹង និងបង្ក្រាបឱ្យបានទាន់ពេលវេលា
តាកែវ៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសបញ្ហាក្មេងទំនើង ត្រូវដាក់ចេញវិធានការឱ្យបានតឹងរឹង និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំនព្វមាស(៩ខែ) ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេឃុំចៅ-សង្កាត់ ប៉ុសិ៍្តនគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថាបញ្ហាក្មេងទំនើងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានដាក់វិធានការដ៏តឹងរឹងចំពោះជនបង្ករដែលជាក្រុមក្មេងទំនើង ដូច្នេះលោកស្នងការ អធិការនគរបាល រួមនឹងប៉ុសិ៍្តរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ចុះតាមដានជាប្រចាំ និងកំណត់មុខសញ្ញាក្រុមក្មេងទំនើង បងតូបងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យតាមដងផ្លូវ និងទីប្រជុំជននានា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា គ្មានការយោគយល់អ្វីទាំងអស់ ។
ឯកឧត្តមនបានសង្កាត់ធ្ងន់ថាចំពោះក្រុមក្មេងទំនើងដែលមានវត្ថុតាង ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងចាត់បញ្ជូនទៅកាន់តុលាការ ឱ្យបានលឿនបំផុត ដើម្បីរួមចំណែកកាត់បន្ថយអត្រាក្មេងទំនើងក្នុងខេត្ត នឹងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាពបានកាន់ល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថាក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តតាកែវ បានអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះជោគជ័យទៅបានដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមនឹងភាគ្គីពាក់ព័ន្ធទាំងអស់ផងដែរ។
ទន្ទឹមនឹងនេះឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធចូលរួមឱ្យសកម្មលើកិច្ចការងារនេះ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។ ក្នុងនោះដែរក៏ត្រូវចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
|