លោកត្រាំថាការសម្រេចវាយប្រហារលើក្រុមហាម៉ាស់នៅកាតាគឺធ្វើឡើងដោយអ៊ីស្រាអែលមិនពាក់ព័ន្ធនឹងអាមេរិកទេ
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីសម្លាប់មេដឹកនាំនយោបាយហាម៉ាស់ ដល់ក្នុងទីក្រុងឌូហាប្រទេសកាតា នៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥ ដែលបង្ហាញពីការពង្រីកសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ដ៏គួរឱុ្យភ្ញាក់ផ្អើល។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារយ៉ាងជាក់លាក់ ដោយផ្តោតគោលដៅលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ប្រតិបត្តិការនេះមានការចូលរួមពីយន្តហោះចម្បាំងអ៊ីស្រាអែលចំនួនរហូតដល់១៥គ្រឿង ដែលបានបាញ់គ្រាប់ចំនួន១០គ្រាប់ដាក់គោលដៅតែមួយ។
ក្រុមហាម៉ាស់បាននិយាយថា សមាជិករបស់ខ្លួនចំនួន៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ រួមមានទាំងកូនប្រុសរបស់ប្រធានក្រុមហាម៉ាស់ដែលកំពុងនិរទេសខ្លួន និងអ្នកចរចាកំពូល Khalil al-Hayyaផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥។
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានចេញមកអះអាងថា ការសម្រេចវាយប្រហារដោយផ្តោតគោលដៅលើក្រុមហាម៉ាស់នៅក្នុងក្រុងឌូហា គឺធ្វើឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ មិនមែនជាការសម្រេចរបស់លោកទេ។ លោកត្រាំថាលោកមិនសប្បាយចិត្តទេ ដែលអ៊ីស្រាអែលតាមសម្លាប់ក្រុមហាម៉ាស់ដល់ក្នុងទីក្រុងឌូហា ដែលជាសម្ព័ន្ធមិត្តម្នាក់របស់អាមេរិក និងជាប្រទេសមួយដែលកំពុងដើរតួជាអ្នកសម្របសម្រួលក្នុងការបញ្ចប់ជម្លោះ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅហ្គាហ្សា។
លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃអង្គារថា លោកបានទទួលការជូនដំណឹងពីយោធាអាមេរិកថា អ៊ីស្រាអែលកំពុងតែវាយប្រហារលើក្រុមហាម៉ាស់ក្នុងទីក្រុងឌូហា ប៉ុន្តែទម្រាំលោកដឹងគឺវាយឺតពេលក្នុងការបញ្ឈប់ការវាយប្រហារនេះទៅហើយ។
ក្រសួងការបរទេសរបស់ប្រទេសកាតា បានថ្កោលទោសការវាយប្រហារនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ហើយបាននិយាយថា ការវាយប្រហារនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀតកាតាថា ខ្លួនមិនបានទទួលការជូនដំណឹងទាន់ពេលវេលា ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទឹកដីរបស់ខ្លួននោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសកាតា Majed Al-Ansari បានបង្ហោះសារនៅលើបណ្តាញសង្គមX ថា កាតាទទួលបានដំណឹងនេះ ពីមន្រ្តីអាមេរិកម្នាក់ ខណៈអ៊ីស្រាអែលកំពុងវាយប្រហារ។
|