cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានបន្តគាំទ្រដល់បុព្វហេតុសន្តិភាព ការអភិវឌ្ឍនិងជំនួយមនុស្សធម៌ដល់ជនភៀសសឹកតាមបណ្តោយព្រំដែន
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា នៅក្នុងជំនួបពិភាក្សាការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន កាលពីម្សិលមិញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបន្តថា នៅក្នុងជំនួបនោះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន រួមមានវិស័យកិច្ចសហប្រតិបត្តិការ នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការសម្អាតមីន និងសំណល់គ្រាប់មិន ទាន់ផ្ទុះទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់រួមគា្ន អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពវិញ តាមរយៈការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ការខិតខំរក្សា ភាពអត់ធ្មត់ ការបន្តទំនាក់ទំនងនៅគ្រប់កម្រិត ការពិនិត្យលទ្ធភាពបោសសំអាតមីនមនុស្សធម៌ និងការ បើកច្រកព្រំដែនឡើងវិញ។
ទន្ទឹមនោះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួសមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវការពេញ ចិត្ត និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបន្តរួមចំណែក និងគាំទ្រដល់បុព្វ ហេតុសន្តិភាព ការអភិវឌ្ឍ និងជំនួយមនុស្សធម៌ ដល់ជនភៀសសឹកតាមបណ្ដោយព្រំដែននៅពេលនេះ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com