អ្នកនាំពាក្យក្រសួងការពារជាតិ៖កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅថ្ងៃស្អែកកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាតរបស់ថៃ ហើយកិច្ចប្រជុំលើកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិនព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀតដែលអនុញ្ញាតអោយភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់អោយកាន់តែមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡបប់មកវិញនូប្រក្រតីភាពនៃទំនាក់ទំនងអោយបានឆាប់រហ័ស។
អ្នកនាំពាក្យក្រសួងការពារជាតិបានគូសរំលេចថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ជាទីបំផុត៕
|