អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ធ្វើដំណើរទៅកាន់យោធភូមិភាគទី៥និងច្រកបឹងត្រកួន ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថា នៅព្រឹកថ្ងៃទី១៤ នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បានចេញដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីតាំងដែលត្រូវចុះត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែន។ ដំណើរចុះពិនិត្យនេះ ដឹកនាំដោយលោកវរៈសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះមាន៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជាដែលមានសមាជិកសរុបចំនួន៧ប្រទេស។
លោកជំទាវ បានបន្តឱ្យដឹងថា គោលដៅទី១គឺចូលទៅកាន់យោធភូមិភាគទី៥ ដើម្បីស្តាប់ការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពក្រោយបទឈប់បាញ់ចូលជាធរមាន។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ក្រុមអ្នកសង្កេតការណ៍បន្តដំណើរទៅកាន់ទីតាំងជាក់ស្តែងមួយទៀតគឺច្រកបឹងត្រកួន ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកជំទាវឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់សាជាថ្មីថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍បន្ថែមថា ជាថ្មីម្តងទៀត កម្ពុជាបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕
|