ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននាំយកថវិកាបរិច្ចាគលើកទី៤ប្រមាណ ៣៣ ម៉ឺនដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអនុញ្ញាតឱ្យ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាំយកថវិកាបរិច្ចាគលើកទី៤ចំនួន ១ ៣៣០ ០៣៦ ៧៤៨ (មួយពាន់ បីរយសាមសិបលាន សាមសិបប្រាំមួយពាន់ ប្រាំពីររយសែសិបប្រាំបី)រៀល ឬស្មើនឹងប្រមាណ ៣៣ ម៉ឺនដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគនេះ ក៏ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
|