កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ រួមមាន៖ ១) ប្រកាសសមាសភាពថ្មីក្រុមការងារបច្ចេកទេសចម្រុះកសិកកម្ម និងទឹក តាមសេចក្តីសម្រេចលេខ ០០២ សសរ.កសក ២) កម្មវិធីអាទិភាពប្រចាំប្រទេសរបស់ដៃគូអភិវឌ្ឍន៍ ៣) ស្តាប់ពីគោលនយោបាយ ផែនការយុទ្ធអភិវឌ្ឍន៍ ៥ឆ្នាំ (២០២៤-២០២៨) និងសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួងទាំងពីរ ៤) ពិនិត្យ និងពិភាក្សាគោលការណ៍ណែនាំស្តីពី ក្រុមការងារបច្ចេកទេសចម្រុះ និងសូចនាករត្រួតពិនិត្យរួម (Joint Monitoring Indicators - JMIs) ដែលបានកែសម្រួល ៥) ពិភាក្សាលើសំណើស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្ម-ទឹក កម្រិតវាលស្រែ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកតាមរយៈការលើកកម្ពស់ការធ្វើពិពិធកម្មដំណាំ និង៦) ពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសចម្រុះកសិកកម្ម និងទឹក
គួរបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៤ ជាអង្គភាពសម្របសម្រួល និងជាយន្តការពិភាក្សាភាពជាដៃគូ ដែលប្រមូលអ្នកពាក់ព័ន្ធទាំងអស់ រួមមាន រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវអាទិភាពអភិវឌ្ឍន៍ជាតិ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់វិស័យ/កម្មវិធីកំណែទម្រង់នានា។ បច្ចុប្បន្ននេះមានក្រុមការងារបច្ចេកទេសចម្រុះចំនួន ២១ កំពុងដំណើរការនៅតាមវិស័យ និងកម្មវិធីកំណែទម្រង់អភិបាលកិច្ច៕