ពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នារវៀង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញ ដល់សិក្ខាកាមយោធិនកម្ពុជា ជាង១០០នាក់ ជំនាញស្រាវជ្រាវដាន និង ប្រយុទ្ធក្នុងទីក្រុង និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្រ្គោះគ្រោះបាក់រលំអគារ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន
ពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នារវៀង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញ ដល់សិក្ខាកាមយោធិនកម្ពុជា ជាង១០០នាក់
ជំនាញស្រាវជ្រាវដាន និង ប្រយុទ្ធក្នុងទីក្រុង និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្រ្គោះគ្រោះបាក់រលំអគារ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋហ្វីលីពីន
(នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ
លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបានចាក់ឫសយ៉ាងជ្រៅដោយប្រទេសទាំងពីរតែងតែងបានគោរព និងផ្តល់តម្លៃគ្នាទៅវិញទៅមក និងសហការគ្នាយ៉ាងជិតស្និទក្នុងការកិច្ចការពារស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ប្រជាជាតិទាំងពីរបានរីករាយនឹងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងដែលកំណត់ដោយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានទាំងពាណិជ្ជកម្ម ការអប់រំ វប្បធម៌ និងជាពិសេស គឺវិស័យការពារជាតិ និងសន្តិសុខ។
ឯកឧត្តម មេបញ្ជាការកងទ័ពជេីងគោកកម្ពុជា វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យោធាចារ្យ សាមគ្គីភាពរវាងគ្រប់ភាគីពាក់ព័ន្ធដែលមិនត្រឹមតែបានពង្រឹងជំនាញបច្ចេកទេស និងសមត្ថភាពប្រតិបត្តិការរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងចំណងមិត្តភាព និងពិតជាបានបង្ហាញនូវភាពជាដៃគូរបស់កងទ័ពជើងគោកទាំងពីរកម្ពុជា-ហ្វីលីពីន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា វគ្គហ្វឹកហ្វឺនរួមគ្នា កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។ ចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការក្សាបាននូវសុខសុវត្ថិភាព និងសន្តិសុខនៃតំបន់ដែលធ្វើឱ្យយើងរៀបចំខ្លួនបានប្រសើរក្នុងការប្រឈមមុខនឹងបញ្ហាដែលអាចកើតមានឡើង។
លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានលើកឡើងថា នៅថ្ងៃនេះជាពេលវេលាដ៏មានមោទនភាពសម្រាប់ប្រទេសទាំងពីរខណៈដែលការបញ្ចប់សកម្មភាពហ្វឹកហាត់មួយនេះមិនត្រឹមតែជួយបង្កើនជំនាញ និងសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធា និងមិត្តភាពរវាងកងទ័ពជើងគោកហ្វីលីពីន និងកងទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានបន្ថែមថា ក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះកងទ័ពទាំងពីរបានធ្វើការជាមួយគ្នាជាមួយគោលបំណងរួមមួយគឺ ការលើកកម្ពស់ ចំណេះដឹង ជំនាញ និងការអនុវត្តក្នុងវិស័យសំខាន់ៗដូចជា៖ ជំនាញប្រុយទ្ធក្នុងទីក្រុងរបស់ទាហានជើងគោក ជំនាញស្រាវជ្រាវ ការស្វែងរក និងជួយសង្គ្រោះនៅក្នុងអគារដែលរលំ។ តាមរយៈសកម្មភាពហ្វឹកហាត់នេះមិនត្រឹមតែក្លាយជាទាហានដែលមានសម្ថភាពជាងមុនទេ ប៉ុន្តែ ក៏បានស្វែងយល់ពីវិធីធ្វើការជាដៃគូមិត្តភាពដើម្បីបង្កើតសន្តិភាព និងសុវត្ថិភាពនៅក្នុងតំបន់។
បើយោងតាមរបាយការណ៍បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ មានយោធាចារ្យកងទ័ពហ្វីលីពីន ចំនួន៣០នាក់ បានអញ្ជើញមកបណ្តុះបណ្តាលដោយផ្ទាល់នៅលើទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
កងយោធពលខេមរភូមិន្ទ ចំនួន១១៩នាក់ ក្នុងនោះមានយោធិនជានារីចំនួន ២៤នាក់ នៃកងពលតូចលេខ៧០ បានបញ្ចប់ដោយជោគជ័យលើវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ដែលហ្វឹកហ្វឺនពីសំណាក់យោធាចារ្យកងទ័ពជើងគោករបស់ប្រទេសហ្វីលីពីន។
វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នេះបានធ្វើឡើងរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៕
|