សមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scamsមួយកន្លែងនៅសង្កាត់អូរស្មាច់
ខេត្តឧត្ដរមានជ័យ៖ ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
នៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនានាក្នុងខេត្ត បានចុះប្រតិបត្តិការបង្រ្កាបទីតាំងសង្ស័យថាមានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើសតាមប្រព័ន្ធ Online Scams ៩កន្លែងស្ថិតនៅទីតាំងផ្ទះជួលក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និងទីតាំងច្រកជប់គគីរ ស្រុកបន្ទាយអំពឹល ខេត្តឧត្ដរមានជ័យ ។
ក្នុងការចុះប្រតិបត្តិការចុះបង្រ្កាបនាពេលនោះដែរសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះដើម្បីរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
សូមបញ្ជាក់ថា ក្នុងការចុះបង្រ្កាបបទល្មើសឆកបោកតាមប្រព័ន្ធ អនឡាញ នេះដែរកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបបាន៩ទីតាំងកន្លែងផ្សេងៗគ្នានិងឃាត់ខ្លួនជនបរទេសបានចំនួន១០៣នាក់ស្រី៤១នាក់ជនជាតិចិន៧៨នាក់ស្រី១៧នាក់ជនជាតិវៀតណាម១៧នាក់ស្រី១៦នាក់ជនជាតិថៃ១នាក់ជនជាតិឡាវ៥នាក់ស្រីទាំងអស់ក្នុងនោះរួមមានសម្ភារះកុំព្យួទ័រ អាវុធ កាំបិតស្នៀត និង ម៉ាទឹកកក ជនបរទេសទាំង១០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តតាមនិតិវិធីច្បាប់ផងដែរ។
|