សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្តពីព្រះបរមរតនកោដ្ឋក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងចិន
ភ្នំពេញ៖ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈ កម្មាធិការកិច្ចការជនជាតិភាគតិចនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចាត់ទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គមួយដ៏សំខាន់ដែលបន្តពីព្រះបរមរតនកោដ្ឋមកក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា-ចិន ខណៈភាពជាដៃគូយុទ្ធសាស្ត្រសហគមន៍វាសនារួមគ្នា កម្ពុជា-ចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី បានពង្រីកនូវទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិចនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានលើកឡើងបែបនេះក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភានៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក វ៉ាង ជីមីន (Wang Zhimin) និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង ជីមីន និងជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រាននូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំ និងរីកចម្រើនទាំងក្របខ័ណ្ឌនៃរាជរដ្ឋាភិបាល និងក្របខ័ណ្ឌនៃស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោក វ៉ាង ជីមីន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេល អនុញ្ញាតឲ្យលោក និងសហការី ជួបសម្តែងការគួរសម នៅក្នុងឱកាសនេះ។ លោកក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងចិនជាមិត្តដែកថែប ជាមិត្តដ៏រឹងមាំ ជាមួយគ្នា ជាសហគមន៍វាសនារួមគ្នាគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី ដែលកំពុងតែបំពេញឲ្យគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ឲ្យកើនឡើងជាបន្តបន្ទាប់ដោយឥតឈប់ឈរ។ លោកបាននាំនូវការសួរសុខទុក្ខពី ថ្នាក់ដឹកនាំចិន ចំពោះសម្ដេចតេជោផងដែរ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយចិនរីករាយនៅក្នុងការសហការត្រៀមខ្លួននៅក្នុងការសហការធ្វើការងារ ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងគ្នានេះឲ្យកាន់តែរឹងមាំបន្តទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុនសែន បានរំលេចដោយបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និងចិនដែលសម្រេចបានបញ្ជាក់ថា ការចាប់ផ្ដើមដំបូងពី ជំនាន់លោក ម៉ៅ សេទុង ដល់នាយករដ្ឋមន្ត្រីចិន ជូរ អេងឡាយ ជាមួយព្រះបរមរតនកោដ្ឋ ក្នុងការបង្កើតនូវទំនាក់ទំនងផ្លូវការជាមួយគ្នា ហើយទំនាក់ទំនងនេះបានពូនជ្រុំនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់រហូតដល់នៅក្នុងពេលបច្ចុប្បន្ន។ សម្តេចតេជោ និងសម្ដេចធិបតីក៏បន្តកាន់តែរឹងមាំ។
សម្ដេចតេជោ បានរំលេចបន្ថែមទៀតថា ជុំវិញទំនាក់ទំនងរវាងកម្ពុជាចិននេះ អ្វីដែលជាការកត់សម្គាល់គឺ ការរុញ នូវសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន ឲ្យកាន់តែរីកចម្រើន ទៅជាមួយគ្នាបន្ថែមទៀត ដែលជាផ្នែកក្នុងការញ៉ាំងទំនាក់ទំនងនយោបាយដែលមានស្រាប់ ដែលល្អស្រាប់ឲ្យកាន់តែល្អបន្ថែមទៀតនេះ។ ជា បញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
នៅក្នុងឱកាសនោះលោក វ៉ាង ជីមីន បានអរគុណចំពោះសម្ដេចតេជោ ជាពិសេសលោកបានចាត់ទុកសម្តេចតេជោគឺជា តួអង្គមួយដ៏សំខាន់ដែលបន្តពី អតីតកាលព្រះបរមរតនកោដ្ឋមកក្នុងការពូនជ្រំទំនាក់ទំនង រវាងកម្ពុជា និងចិន ហើយលោកបានរំលេចអំពី ភាពជាដៃគូយុទ្ធសាស្ត្រសហគមន៍វាសនារួមគ្នា កម្ពុជាចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី ដែលមកដល់ពេលនេះភាគីទាំងពីរបានពង្រីកនូវទំនាក់ទំនងពោលគឺ ពាណិជ្ជកម្មវិនិយោគជាដើម បើនិយាយនៅក្នុងពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ចាប់តាំងពីភាគីទាំងពីរបានរួមគ្នាក្នុងសហគមន៍វាសនារួមមក គឺពាណិជ្ជកម្មរវាងប្រទេសការកើនឡើងគុណដល់ទៅបួន ដង។ លោកបន្តថា ចំណងមិត្តភាពផ្សេងៗទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាមានភាពរីកចម្រើន នៅក្នុងការផ្តល់តម្លៃទំនាក់ទំនងគ្នាទៅវិញ។
ជាចុងក្រោយ សម្តេចតេជោ ក៏បានរំលេចបន្ថែមដែរថា ទំនាក់ទំនងរវាងកម្ពុជាចិន គឺជាដោយការគោរពគ្នាទៅវិញទៅមក បើទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែចិនតែងតែផ្តល់តម្លៃ និងគោរពចំពោះកម្ពុជា ហើយសម្តេចតេជោក៏បានជូនពរលោក និងសហការីឲ្យបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា៕
|