ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ ចំនួន៤គោលដៅ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ តំបន់អូរសោម តំបន់អូរឃ្មង តំបន់សុចិត្រ និងតំបន់កែងបឹង ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាល ដែលប្រចាំការទាំង៤គោលដៅ នៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ឱ្យទទួលបានជោគជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះកងកម្លាំងចម្រុះ ដែលបានបំពេញភារកិច្ចក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ ទទួលបានលទ្ឋផលល្អប្រសើរ ដោយកងកម្លាំងយើងទប់ស្កាត់បាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិបានឡើយ ជាមួយនោះដែរកងកម្លាំងចម្រុះរបស់យើង ក៏បានរកឃើញផ្ទៃដី ដែលជនល្មើសលួចកាប់ទន្ទ្រាននៅបណ្ដាឆ្នាំកន្លងទៅជិត៤ ពាន់ហិកតា ដែលបច្ចុប្បន្នយើងកំពុងគ្រប់គ្រង និងបានដាំស្ដារព្រៃឈើបានជាង៥ម៉ឺនដើម ព្រមទាំងបានការពារទុកឲ្យព្រៃឈេីធម្មជាតិ ដុះលូតលាស់ឡើងវិញ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំង៤ ទីបញ្ជាការស្រាល ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាន មិនឲ្យមានបទល្មើសកាប់ អារ ជ្រៀកឈើខុសច្បាប់ និងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ កើតឡើងជាថ្មីទៀតបានឡើយ។ ព្រមជាមួយនោះត្រូវសហការជាមួយស្ថាប័ណ្ណជំនាញពាក់ព័ន្ធ បន្តស្រាវជ្រាវវែករកមុខសញ្ញាមេខ្លោង ដែលបំផ្លាញធនធានធម្មជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនទីបញ្ជាការស្រាលទាំង៤ គោលដៅ មានប្រេងសាំងចំនួន ៦០០លីត្រ ស័ង្កសី ចំនួន ៧០ សន្លឹក ដើម្បីប្រក់ជម្រកស្នាក់នៅ ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងចម្រុះ ទាំង៤ ទីបញ្ជាការស្រាល ក្នុងការដោះស្រាយបម្រើជីវភាពប្រចាំថ្ងៃដល់កងកម្លាំងចម្រុះ ងាយស្រួលក្នុងការធ្វើសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើ ដោយគ្មានការដកថយឡើយ។
|